ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រតិកម្មចំពោះការប្រើប្រាស់ពាក្យពេចន៍អសុរសមកលើសម្តេចតេជោ ហ៊ុន សែន ថា ជាការប្រមាថពិបាកនឹងទទួល។
លោក ហ៊ុន ម៉ានី បានលើកឡើងនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា ផ្សាភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នៅក្នុងខេត្តសៀមរាបដែលអាជ្ញាធរបានដាក់ពេលវេលាចុងក្រោយឲ្យក្រុមអ្នកជួបជុំចាកចេញពីទីជំនួបកាលពីយប់មិញ លោកបានសង្កេតឃើញនូវការផ្សព្វផ្សាយដោយគ្មានក្រមសីលធម៌ជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍អសុរសជាច្រើនមកដល់សម្តេចតេជោ ហ៊ុន សែន ដែលសារទាំងនោះបានប្រើប្រាស់ពាក្យពេចន៍ច្រលើសបើសជាច្រើន ដែលបុគ្គលនិងសង្គមជាតិទាំងមូលពិបាកនឹងទទួល។
លោក ហ៊ុន ម៉ានី យល់ឃើញថា ការប្រមាថនេះជាការប្រមាថជារួមលើជនដែលមានពិការភាពទាំងអស់ដែលអ្នកទាំងនោះមិនត្រឹមតែឈឺចាប់ដោយភាពរងគ្រោះក្នុងឧបទ្ទវហេតុអកុសលឡើយ ប៉ុន្តែថែមទាំងនៅបន្តជាជនរងគ្រោះដោយពាក្យសម្តីបែបអសុរសបែបនេះទៀត។
ជាងនេះទៅទៀតលោកថា ការប្រមាថនេះបានធ្វើចំពោះថ្នាក់ដឹកនាំជាតិម្នាក់ដែលរងគ្រោះធ្លាក់ខ្លួនពិការដោយបុព្វហេតុជាតិ និងមាតុភូមិដែលការណ៏នេះក្នុងនាមជាកូន និងជាប្រជាពលរដ្ឋគឺមិនអាចទទួលបានឡើយ។
លោក ហ៊ុន ម៉ានី សូមឲ្យអ្នកផ្សព្វផ្សាយទាំងនោះពិចារណាពីកំហុសឆ្គងដ៍ធ្ងន់ធ្ងរនេះឡើងវិញ។ គួរកត់សម្គាល់ថា កាលពីយប់ថ្ងៃទី៣០ ខែសីហា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរសារនៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយប្រើប្រាស់ពាក្យអសុរសជាច្រើនបែបប្រមាថមកលើជនពិការ។ ខ្លឹមសារប្រមាថនេះ គឺក្រោយពេលដែលអាជ្ញាធរត្រៀមចាត់វិធានការលើការជួបជុំខុសច្បាប់នៅលើដីចម្ការរបស់លោក ខឹម វាសនា ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៕