ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញកំពុងធ្វើការស្រាវជ្រាវលើករណីផ្ទុះអាវុធកាលពីវេលាម៉ោង២:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងខុនដូ ហ្គោល ក្លាស (Gold CLASS) ដែលបណ្តាលឱ្យមានជនជាតិចិនចំនួន៣នាក់បានស្លាប់។ សមត្ថកិច្ចបានឱ្យដឹងថាករណីនេះកំពុងស្ថិតក្រោមការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាមួយចំនួនដើម្បីយកមកអនុវត្តតាមច្បាប់។
សូមបញ្ជាក់ថា ករណីផ្ទុះអាវុធនេះបានកើតឡើងនៅចំណុចក្នុងខុនដូ ហ្គោល ក្លាស(Gold CLASS)អគារលេខ៣៥ បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់រួមមាន៖ ឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល ៣០ឆ្នាំជនជាតិចិន, ឈ្មោះ AH WEI ភេទប្រុស អាយុប្រហែល៣០ឆ្នាំជនជាតិចិន, ឈ្មោះ AH HONG ភេទប្រុស អាយុប្រហែល៣០ឆ្នាំជនជាតិចិន។ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញវត្ថុតាងរួមមាន៖ អាវុធខ្លីម៉ាក Glock 19 ចំនួន ១ដើម, បង់ចំនួន២, គ្រាប់ចំនួន ៤១គ្រាប់, គ្រឿងញៀនប្រភេទកេតាមីនចំនួន៤៣.៦៧ក្រាម, ទូរសព្ទ ១គ្រឿង៕