កំពង់ចាម៖ លោកតាអាចារ្យភ្លុកម្នាក់បានស្លាប់នៅក្នុងករណីផ្ទុះឡដុតបូជាសពសហគមន៍ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២។
របាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ចាមបានឱ្យដឹងថា លោកតាអាចារ្យភ្លុករងគ្រោះដល់ស្លាប់មានឈ្មោះ ហ៊ឹម សឿន អាយុ៧២ឆ្នាំ ជនជាតិខ្មែររស់នៅឃុំរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
នៅថ្ងៃកើតហេតុគាត់បានរៀបចំពិធីបូជាសព ឈ្មោះ ធូ ធារ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្ថិតនៅមេនបូជា សពសហគមន៍ ក្នុងភូមិរវាង ឃុំខ្នុរដំបង ប៉ុន្តែពេលដុតភ្លើងក៏ស្រាប់តែឆាបសាំងឆេះផ្ទុះមេន បណ្ដាល ឱ្យខ្ទាតទ្វារមេនធ្វើពីដែកមកត្រូវចំសៀតផ្កាខាងឆ្វេង បណ្ដាលឱ្យមានរបួសធ្ងន់ និងស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុតែម្ដង។
ក្រោយកើតហេតុអាជ្ញាធរបានធ្វើការត្រួតពិនិត្យឃើញថា កន្លែងកើតហេតុស្ថិតនៅទីកន្លែងមេនបូជាសពសហគមន៍សង់ពីថ្មរៀបឥដ្ឋមានច្រកទ្វារដែកមួយសម្រាប់ដាក់សពចូលនៅទិសខាងលិច និងមានបំពង់ផ្សែងមួយសម្រាប់បង្ហុយផ្សែងឡើងលើហើយអ្វីដែលកើតឡើងមិនមានពាក់ព័ន្ធករណីផ្សេងនោះទេ៕