ភ្នំពេញ ៖ ម្ចាស់យានយន្តចំនួន២៤៩គ្រឿង ត្រូវបានសមត្ថកិច្ចពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក ក្រោយពេលរកឃើញថាបានបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថាការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី២៧ ខែសីហា ម្សិលមិញបានអនុវត្តលើគោលដៅសរុប ១៤៨គោលដៅ និងមានយានយន្តចូលគោលដៅចំនួន ២.៩៣៤គ្រឿងម៉ូតូ ២.៥៣៦គ្រឿង ដោយរកឃើញយានយន្តល្មើសសរុបចំនួន២៤៩គ្រឿង មានម៉ូតូចំនួន១៩៥គ្រឿង ត្រូវបានផាកពិន័យ។
ដោយឡែកក្នុងរយៈពេល២៧ថ្ងៃ (ថ្ងៃទី០១-២៧ ខែសីហា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមានយានយន្តចូលគោលដៅចំនួន ៧៧.៦០៦គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨.៩៦៨គ្រឿង មានម៉ូតូចំនួន ៧.៧១៨គ្រឿង ត្រូវបានផាកពិន័យ។
របាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ មានចំនួន២ ៦៧០លើកបើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន៣ ១៧៦លើក គឺថយចុះ១៦ភាគរយ៕