ភ្នំពេញ៖ ជនរងគ្រោះក្នុងករណីបង្ខាំងជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវនិងរំដោះព្រមទាំងឃាត់ខ្លួនបានជនសង្ស័យមួយចំនួនយកទៅសាកសួរ។
របាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតចាប់ថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន៤ករណីពាក់ព័ន្ធករណីបង្ខាំងមនុស្ស ដើម្បីបម្រើការងារឱ្យក្រុមហ៊ុននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
របាយការណ៍បានឱ្យដឹងបន្តថា ករណីទី១នៅថ្ងៃទី ២៣ ខែសីហា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានរំដោះជនរងគ្រោះម្នាក់ជាស្ត្រីជនជាតិម៉ាឡេស៊ីឈ្មោះ KHOO AI LEE អាយុ២៧ឆ្នាំ ពីក្នុងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់ពីធ្វើការស្រាវជ្រាវនិងសាកសួរជនរងគ្រោះបានឱ្យដឹងថា ខ្លួនត្រូវបានគេចាប់បង្ខាំងដោយខុសច្បាប់ប្រើហិង្សាកំហែងជួញដូរកម្លាំងពលកម្ម។
-ករណីទី២នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានរំដោះជនរងគ្រោះចំនួន៣នាក់ជាជនជាតិម៉ាឡេស៊ី ភេទប្រុស នៅក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិ១សង្កាត់៣ក្រុង-ខេត្តព្រះសីហនុ ហើយបន្ទាប់ពីសាកសួរជនរងគ្រោះនិងអ្នកគ្រប់គ្រងបានឱ្យដឹងថាករណីនេះមិនមែនជាករណីបង្ខាំង ឬជួញដូរមនុស្សដោយខុសច្បាប់នោះទេតែដោយសារជនរងគ្រោះមិនពេញចិត្តនឹងការងារទើបពួកគាត់ប្តឹងស្នើសុំឱ្យយកពួកគាត់ចេញពីក្រុមហ៊ុនដើម្បីអាចត្រឡប់ទៅប្រទេសកំណើតវិញ។
-ករណីទី៣ កម្លាំងជំនាញបានទាក់ទងទៅអ្នកដែលបានប្ដឹង ដើម្បីទទួលបានពត៌មានបន្ថែមអំពីទីតាំងរបស់ជនរងគ្រោះតែមិនមានការឆ្លើយតប (សាម៉ីខ្លួនព្យាយាមមិនសហការជាមួយសមត្ថកិច្ច) កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវ។
-ករណីទី៤ នៅថ្ងៃទី២៦ ខែសីហា កម្លាំងជំនាញ បានរំដោះជនរងគ្រោះចំនួន៥នាក់ជនជាតិម៉ាឡេស៊ីនៅក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការឃាត់ខ្លួនអ្នកគ្រប់គ្រងម្នាក់ ភេទប្រុស ជនជាតិម៉ាឡេស៊ី យកមកធ្វើការសាកសួរ។
បន្ទាប់ពីសាកសួរទើបដឹងថា មិនមែនជាករណីបង្ខាំង ឬជួញដូរមនុស្សទេតែដោយសារជនរងគ្រោះមិនពេញចិត្តនឹងការងារទើបពួកគាត់ប្តឹងស្នើសុំឱ្យយកពួកគាត់ចេញពីក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់និងដកហូតអាវុធបានជាច្រើនដើមផងដែរ៕