ភ្នំពេញ៖ បុគ្គលល្មើសនេសាទខុសច្បាប់ ចំនួនជាង៥០នាក់ ត្រូវបានប្រធានរាជបណ្ឌិតសភាកម្ពុជា បង្ហាញឈ្មោះជាសាធារណៈ ក្រោយពេលពួកគេបានធ្វើសកម្មភាពក្នុងរដូវបិទនេសាទ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះថា បុគ្គលចំនួនជាង៥០នាក់ ត្រូវបានរកឃើញធ្វើសកម្មភាពនេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ និងបានរកឃើញរបាំងសាច់អួន ចំនួន៤៧ខ្សែ ជាវត្ថុតាង ផងដែរ។
លោកបានអំពាវនាវដល់អ្នកនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ ឱ្យបញ្ឈប់សកម្មភាព ហើយប្រសិនបើរកឃើញប្រព្រឹត្តជាលើកទី២ នឹងស្នើសុំដីកាចាប់បញ្ជូនខ្លួនតាមនីតិវិធីច្បាប់តែម្តង។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា អ្នកល្មើសទាំងជាង៥០នាក់ ក្នុងនោះ មាននៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៣៩ នាក់ និងក្នុងស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន១៦នាក់។
សូមបញ្ជាក់ថា រដូវបិទនេសាទ បានចាប់ផ្តើមកាលពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន – បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ និងចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា សម្រាប់ ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ៕
អត្ថបទ៖លាង ឡា