ភ្នំពេញ៖ ឃ្លាំងលក់រថយន្តមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ២៧៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បង្កឱ្យមានរថយន្តជាច្រើនគ្រឿង បានរងការខូចខាត។
ក្រោយមានការឆាបឆេះកើតឡើង នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីកុំឱ្យរាលដាលដល់ទីតាំងផ្សេង។
លោក ជា ពិសី អភិបាលខណ្ឌទូលគោក បានឱ្យដឹងថា អគ្គីភ័យនេះ កើតឡើងចេញពីការ៉ាសលក់ឡានលេខ១៧៧ និងការ៉ាស Davan១៦២ ស្ថិតនៅក្បែរគ្នា បណ្ដាលឱ្យឆេះរថយន្តចំនួន១០គ្រឿង និងសម្ភារមួយចំនួនទៀត។
របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ បានបំផ្លាញឃ្លាំងលក់រថយន្ត សាងសង់អំពីដែកប្រក់ស័ង្កសី ដែលមានទំហំ ១០ម៉ែត្រ x ២០ម៉ែត្រ និងបង្កឱ្យខូចខាតសម្ភារអស់ជាច្រើន។
របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង ២០គ្រឿង និងប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប ហើយគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង២និង៣៥នាទីយប់ថ្ងៃដដែល។
យ៉ាងណាក៏ដោយ សមត្ថកិច្ចពុំទាន់កំណត់មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យនេះនៅឡើយទេ ប៉ុន្តែថា សមត្ថកិច្ចកំពុងស្រាវជ្រាវ៕
អត្ថបទ៖លាង ឡា