ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបមួយ ក្នុងរាជធានីភ្នំពេញ ដោយរឹបអូសបានសារធាតុញៀន ទម្ងន់ជាង៧គីឡូក្រាម។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះថា កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ នៅចំណុចមុខខុនដូរអិល ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រួចបន្តទៅឆែកឆេរខុនដូរប៉ាវលី បន្ទប់លេខ១៦១៨ ជាន់ទី១៦ ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជាធានីភ្នំពេញ។
របាយការណ៍បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាង ហ្វុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន និងបានដកហូតវត្ថុតាងសារធាតុអ៊ិចស្តាស៊ី (MDMA) ទម្ងន់៧គីឡូ និង៥៣.៦ក្រាម, សារធាតុគីមី ១០គីឡូ និង៧៦០ក្រាម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖លាង ឡា