កំពង់ធំ៖ ដំណាំស្រូវចំនួន៣.៣៥០ហិចតា បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅក្រុងស្ទឹងសែន នៅខេត្តកំពង់ធំ ស្របពេលដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនមេ។
របាយការណ៍របស់រដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងថា ទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់រហូតដល់ការប្រកាសអាសន្នខណៈជំនន់នេះបណ្ដាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំចំនួន៣.៣៥០ហិចតា និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ពលរដ្ឋនិងផ្ទះសម្បែងនៅឡើយទេ។
រដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងដែថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋប្រមាណ១០៥ហិចតា ស្ថិតនៅសង្កាត់ព្រៃអូរគន្ធរ ក្រុងស្ទឹងសែន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋានត្រូវបន្តតាមដានពីស្ថានភាពទឹកជំនន់និងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពស្រូវលិចទឹក ដើម្បីស្នើសុំពូជស្រូវសម្រាប់បង្កបង្កើនផលនៅពេលទឹកស្រកទៅវិញព្រមទាំងបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែនក្នុងខេត្តកំពង់ធំត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រូវត្រៀមគ្រប់បែបយ៉ាងដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពគ្រាទឹកជំនន់បន្តហក់ឡើង។
សូមបញ្ចាក់ថា ខេត្តកំពង់ធំស្ថិតក្នុងចំណោមបណ្តាខេត្តនានាដែលមានជំនន់ទឹកភ្លៀងវាយលុកខ្លាំងជាងគេខណៈតំបន់មួយចំនួននៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក៏មានការលិចលង់ខ្លាំងគួរសមដែរ៕