ព្រះសីហនុ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើករណីការទិញលក់ពលកម្មការជួញដូរនិងការបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដោយបានដាក់ចេញវិធានការមួយចំនួន។
នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដាក់ចេញវិធានការរួមមាន៖
១- គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដោយមានលោកព្រះរាជអាជ្ញាជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរការបង្ខាំង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត។
២-ចំពោះទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្មការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់គឺត្រូវបិទអាជីវកម្មជាដាច់ខាតនិងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិតមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរនិងដោយគ្មានការលើកលែងឡើយ។
កិច្ចប្រជុំបានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធនឹងអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុតដោយស្រាវជ្រាវឱ្យដល់ឫសគល់និងមេក្លោងដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕