ភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានប្រកាសពីការស្ថាបនាផ្លូវបេតុងថ្មី លើអតីតផ្លូវរថភ្លើងចាស់ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០២២ នេះតទៅ ដើម្បីបន្ធូរចរាចរណ៍ លើផ្លូវជាតិលេខ៥ និងបានអំពាវនាវដល់អ្នកកំពុងស្នាក់នៅលើទីតាំងដែលត្រូវស្ថាបនាឱ្យប្រញាប់រុះរើ និងទៅសាងសង់នៅដីឡូត៍ដែលបានប្រគល់រួច។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា ក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងចាប់ផ្ដើមដាក់គ្រឿងចក្រឈូសឆាយស្ថាបនាផ្លូវបេតុងថ្មី លើអតីតផ្លូវរថភ្លើង ចាប់ពីដើមខែកញ្ញា ឆ្នាំ២០២២ នេះតទៅ ដើម្បីបន្ធូរចរាចរណ៍ផ្លូវជាតិលេខ៥ឲ្យបានទាន់ពេលវេលា។
អាជ្ញាធរបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋដែលទទួលបានដីឡូត៍រួច ត្រូវរុះរើសំណង់លំនៅដ្ឋាននៅទីតាំងចាស់ តាមបណ្ដោយផ្លូវរថភ្លើងចេញ ហើយទៅតាំងទីលំនៅលើ ដីឡូតិ៍រៀងៗខ្លួនដែលមានស្រាប់ ក្នុងរយៈពេល ១៥ថ្ងៃ ហើយក្នុងករណីពុំអនុវត្តតាមហើយបង្កឲ្យមានការរាំងស្ទះដល់ការស្ថាបនាផ្លូវ គឺរដ្ឋបាលខណ្ឌ នឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើដោយពុំទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ផលប្រយោជន៍អ្វីឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរបានរៀបចំពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ និងបានចុះវាស់វែងកំណត់ទីតាំង និងព្រំដីឡូត៍ ជូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន តាមបណ្ដោយផ្លូវរថភ្លើង។
ដីឡូត៍ដែលប្រគល់ជូននេះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ និងភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
អត្ថបទ៖លាង ឡា