ស្វាយរៀង៖ កុមារីម្នាក់បានរងគ្រោះខូចតម្រងនោម ខួរក្បាល បេះដូង និងប្រព័ន្ធដកដង្ហើមរហូតឈានដល់បាត់បង់អាយុជីវិត ដោយសារសត្វឱម៉ាល់ទិចរាប់សិបទ្រនិច មិនអាចសង្គ្រោះបាន។
របាយការណ៍បំភ្លឺរបស់មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ភឿន ចាន់ អាយុ៧ឆ្នាំ រស់នៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង បានចូលមកសម្រាកនៅមន្ទីរពេទ្យខេត្តស្វាយរៀងក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីវេលាម៉ោង១៧:១១ នាទីនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងបន្តថា កុមារីរងគ្រោះត្រូវបានឱម៉ាល់ទិចប្រហែលលើសពី៣០ទ្រនិចនៅលើដៃទាំងសងខាងជើងទាំងសងខាង នៅលើក្បាល និងដងខ្លួនដែលតម្រូវឲ្យក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋម។
របាយការណ៍បានបញ្ជាក់ថា ជាតិពុលបានពុលទៅលើសរីរាង្គសំខាន់ៗគ្រប់ទីកន្លែងដូចជា តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធដកដង្ហើម ប៉ុន្តែក្រុមគ្រូពេទ្យនៅតែបន្តការព្យាបាលដោយយកចិត្តទុកដាក់ និងពន្យល់ដល់ក្រុមគ្រួសារសពពុំអាចធ្វើការបញ្ជួនបានទេព្រោះអាចបណ្ដាលឲ្យអ្នកជំងឺគ្រោះថ្នាក់តាមផ្លូវ។ ក្រោយពីការសង្គ្រោះអស់រយៈពេលជាង២ម៉ោងស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ។ លុះនៅវេលាម៉ោង ២០:១០នាទី ដោយមានការទទូចស្នើសុំពីក្រុមគ្រួសារទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តធ្វើការបញ្ចូនអ្នកជំងឺតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាំងស្ថានភាពនៅតែធ្ងន់ធ្ងរនិងក្រោយមកបានបាត់បង់ជីវិត៕