ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ដំណើរការរៀន និងបង្រៀន ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២១-២០២២ មានដំណើរការមិនសូវរលូន ពោល គឺសិស្សបានរៀនតែពាក់កណ្ដាល ពេលប៉ុណ្ណោះ ចាប់ពីខែកុម្ភៈដល់ដំណាច់ខែមេសា ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង។
លោកបានមានប្រសាសន៍ថា ដើម្បីធានាឱ្យការសិក្សារបស់សិស្សប្រកបដោយគុណភាពបំពេញបាននូវគម្លាតសមត្ថភាពដែលបានបាត់បង់កន្លងមកដោយសារសាលារៀនផ្អាកដំណើរការ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងដែរថា ចំពោះមហាវិស្សមកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី០១ ដល់៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែក ដំណើរការ គ្រឹះស្ថានសិក្សាឆ្នាំសិក្សា២០២២-២០២៣ ក្រសួង នឹងចេញសេចក្ដីណែនាំថ្មី៕
អត្ថបទ៖លាង ឡា