ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីមន្រ្តីក្រសួងព័ត៌មានបិទអាជ្ញាប័ណ្ណចំពោះស្ថាប័នព័ត៌មានណា ដែលពូកែជេរនិងគ្មានវិជ្ជាជីវៈ។ ការបញ្ជានេះបានកើតឡើងក្រោយពេលក្រសួងព័ត៌មាន ទើបបិទអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន SBT POST របស់លោក សាន ប៊ុនធឿន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះថា ក្រុមណាដែលចូលចិត្តជេរត្រូវបិទចោលតែម្តង។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍លើកឡើងថា សម្ដេចឱ្យសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែសិទ្ធិជេរមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះទេ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញប្រកាសសម្រេចលុបចោលអាជ្ញាបណ្ណម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន លែងឱ្យធ្វើអាជីវកម្មផ្សព្វផ្សាយលើគេហទំព័រ WWW.sbpost.com ។
ក្នុងសេចក្តីសម្រេចបានឱ្យដឹងថា ម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន ជាម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តទង្វើអសីលធម៌ជេរប្រមាថជាសាធារណៈធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕