ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន២ទីតាំង ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានអាកាសថ្មី ទាំង២ទីតាំង នឹងត្រូវសាងសង់នៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) និងមួយទីតាំងទៀត នៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។
សូមបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញ មានស្ពានអាកាស ចំនួន ៥ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ១-ស្ពានអាកាសក្បាលថ្នល់ ២-ស្ពានអាកាស ៧មករា ឬស្តុបពេទ្យលោកសង្ឃ ៣-ស្ពានអាកាសស្ទឹងមានជ័យ ៤-ស្ពានអាកាស ៥មករា ឬស្ពានអាកាសតិចណូ ៥-ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ៕
អត្ថបទ៖លាង ឡា