ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ អនុសេនីយ៍ឯក ហ៊ត ប៉ូ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទនិងបានធ្វើលិខិតមួយច្បាប់ទៀតគោរពជូនសម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិស្នើលុបឈ្មោះវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ការចេញសេចក្តីសម្រេចនិងលិខិតស្នើសុំលុបឈ្មោះចេញពីក្របខ័ណ្ឌយោធិនពីររូបនេះបន្ទាប់ពីមានសំណើរបស់បញ្ជាការដ្ឋានអង្គរក្សគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងចំណារឯកភាពរបស់សម្ដេចតេជោស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យបំពេញបែបបទបណ្តេញចេញជាបន្ទាន់ដោយសារពួកគេធ្វើឲ្យប៉ះពាល់ដល់វិន័យ និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជារការនៃបញ្ជារការដ្ធានអង្គរក្សបានធ្វើលិខិតផ្លូវការស្នើសុំសម្តេចតេជោ ហ៊ុន សែន លុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
នៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងថា នាពេលកន្លងមកនាយទាហានទាំង២រូបនេះតែងតែបង្កហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពនិងមានការថ្នាំងថ្នាក់ដល់ពលរដ្ឋហើយអង្គភាពបានហៅមកអប់រំច្រើនលើកច្រើនសារតែមិនព្រមកែប្រែ៕