ស្ទឹងត្រែង៖ ទីតាំងលក់បារីអេឡិកត្រូនិកចំនួន២កន្លែង ស្ថិតក្នុងខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចចុះបង្រ្កាបនិងដកហូតបានបារីអេឡិកត្រូនិកចំនួន៥២៧គ្រឿងព្រមទាំងឃាត់ខ្លួនយុវជន យុវតី សរុប៤០នាក់យកទៅធ្វើកិច្ចសន្យាអប់រំ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងបន្តឆែកឆេរផ្ទះជួលមួយកន្លែងទៀតស្ថិតនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់។
របាយការណ៍ដដែលបានឱ្យដឹងបន្តថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងសរុបរួមមាន៖ ១. បារីអេឡិកត្រូនិក ចំនួន ៥២៧គ្រឿង។ ២. ម៉ាស៊ីនវេប ចំនួន ២៨គ្រឿង។ ៣. ទឹកដំណាប់ (ទឹកវេប) ចំនួន៩០ដប។ ៤.ក្បាលម៉ាស៊ីនវេប ចំនួន៣០ប្រអប់។ ៥.ក្បាលបារីអេឡិកត្រូនិក ចំនួន៩៥ប្រអប់ ព្រមទាំងជនសង្ស័យជាច្រើននាក់ទៀតផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការណ៍នេះផងដែរកម្លាំងបានឃាត់ខ្លូនយុវជន យុវតី សរុប៤០នាក់និងធ្វើកិច្ចសន្យាប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ប៉ុន្តែជនសង្ស័យនិងវត្ថុតាងត្រូវបានមន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀនបានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់៕