ឧត្តរមានជ័យ៖ ភូមិសាស្រ្តមួយចំនួន ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ផ្តើមរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរពាក់ព័ន្ធកំពុងស្វះស្វែងជួយអន្តរាគមន៍សង្រ្គោះយកទៅកាន់ទីទួលសុវត្ថិភាព។
ជាក់ស្តែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរបានចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួន ដែលមានទីលំនៅក្នុងភូមិត្រពាំងបី (ជាប់ជើងភ្នំដងរែក) ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងកាលពីថ្ងៃទី១៩ ខែសីហា ថា នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតកើនឡើងពីមធ្យមទៅច្រើន ដោយសារកម្ពុជាទទួលរងឥទ្ធិពលសម្ពាធថ្មីពីប្រទេសជិតខាង ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែសីហា។
សេចក្ដីជូនដំណឹង បានឱ្យដឹងដែរ ស្ថានភាពបែបនេះ នឹងអាចបង្កឲ្យតំបន់ផ្ទៃរងទឹកភ្លៀង ទីទំនាបជាប់ផ្លូវទឹកនៅតាមបណ្តាខេត្ត ក្នុងភូមិសាស្ត្រទាំងនោះ ដែលទទួលបាននូវបរិមាណទឹកភ្លៀងច្រើនកន្លងរួចមកហើយ មានជាអាទិ៍៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើនៅតាមតំបន់ខ្លះ៕