រយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧ ភាគរយ ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។
នេះបើតាមការឲ្យដឹងពីលោក ថោង ខុន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ បើតាមលោករដ្ឋមន្ត្រី ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជាង៧៤ម៉ឺននាក់ កើនឡើង៥៦០ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។
ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។
សម្រាប់ជើងហោះហើរក្នុងស្រុក រួមមានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន១៣ ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway ភ្នំពេញ-សៀមរាប) មានចំនួន៣ជើង។ យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ ពេលនេះមានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម ៧០០-៨០០នាក់ក្នុងមួយថ្ងៃ។
លោក ថោង ខុន បានអះអាងថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេស ចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ថោង ខុន រដ្ឋម ន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ៕ (មានជ័យ)