សមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA កាលពីរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញ បានប្រកាសជាផ្លូវការ នូវវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញឡើងវិញដល់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ និងផ្នែកបរិសណ្ឋារកិច្ច ដែលក្នុងនោះមានសិក្ខាកាមចូលរៀនសរុប១,១២៤នាក់ ដែលពិធីនេះធ្វើឡើងក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងស្ថាប័នជាច្រើនទៀតសរុប ជាង១៥០នាក់។
ថ្លែងក្នុងពិធីនោះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានរំលឹកឡើងវិញ សម្រាប់បុគ្គលិកកំពុងបម្រើការងារ ឬត្រូវបានបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងសកម្មភាពស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ លោកស្រីបន្តថា កម្មវិធីបណ្តុះ បណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ។ កម្មវិធីសិក្សា និងមេរៀនបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយផ្អែកលើសមត្ថភាពនៃជំនាញនីមួយៗ សម្រាប់បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ចំនួន៧០០នាក់ ផ្នែកទីភ្នាក់ងារនិងការីទេសចរណ៍ ចំនួន១៧៥នាក់ និងផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន២០០នាក់។
បើកតាមលោកស្រី ឆាយ ស៊ីវលីន ដើម្បីធានាការបណ្តុះបណ្តាលជំនាញ គម្រោងបានធ្វើការ បណ្តុះបណ្តាលគ្រូបង្គោលចំនួន៤៩រូបដោយភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) ដើម្បីចូលរួមអនុវត្តន៍ការបណ្តុះបណ្តាលទៅកាន់សិក្ខាកាមជាង១ ពាន់នាក់ ក្នុងរយៈពេលចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងដំណើរជ្រើសរើសសិក្ខាកាម សមាគមទេសចរណ៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងបានរៀបចំសិក្ខាកាមផ្សព្វផ្សាយដំបូងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះដំណើរការជ្រើសរើសសិក្ខាកាមចំនួន១០៧៥នាក់ ត្រូវបញ្ចប់ជាស្ថាពរទៅតាមចំនួនសិក្ខាកាម ដែលបានគ្រោងទុក។ ដូច្នេះការចាប់ផ្តើមដំណើរការអនុវត្តការបណ្តុះបណ្តាល នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងនោះការបណ្តុះបណ្តាលទៅកាន់បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍រួមមាន១០ផ្នែក, ផ្នែកទីភ្នាក់ងារ ១០ផ្នែក, ផ្នែកទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកជួរមុខ ផ្នែករៀបចំបន្ទប់ ផ្នែកបំរើម្ហូបអាហារ ផ្នែកចុងភៅ ផ្នែកធនធានមនុស្ស ផ្នែកលក់ និងទីផ្សារ ផ្នែកស្ប៉ា និង ផ្នែកវិស្វកម្ម។
សូមបញ្ជាក់ថា ថ្មីៗនេះ លោករដ្ឋមន្ត្រី ថោង ខុន បំផុសឱ្យស្ថាប័នរដ្ឋ-ឯកជនផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ឡើងវិញ ក្នុងដំណាក់កាលងើបពីវិបត្តិជំងឺកូវីដ-១៩ ឡើងវិញនេះ ពីព្រោះមូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវការបុគ្គលិកឱ្យចូលបម្រើការឡើងវិញកាន់តែច្រើន៕ (មានជ័យ)