បន្ទាយមានជ័យ៖ នគរបាលក្រសួងមហាផ្ទៃម្នាក់ ស្ថិតក្នុងចំណោមជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់ ហេង គង់ ស្ថិតនៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
របាយការណ៍របស់ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ រួមមាន៖
ទី១-ឈ្មោះ ប៉ក់ ជាលី អាយុ៣២ឆ្នាំ មុខរបរ ជានគរបាលជាតិ នៅការិយាល័យ (ក៧) នៃនាយកដ្ឋានសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
២-ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ (មានដីកាចាប់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធស្ទាក់បាញ់ប្រុងរំដោះអ្នកទោស កាលពីឆ្នាំ២០២១ និងដកហូតអាវុធខ្លី១ដើម គ្រាប់ចំនួន៤។
៣-ឈ្មោះ នួន វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។
៤-ឈ្មោះ តាំង ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ ភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។
និង ទី៥-ឈ្មោះ ស៊ិន សុហេង ភេទប្រុសអាយុ២៧ឆ្នាំ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលជំនាញ កំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖លាង ឡា