ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី លើគម្រោងវិនិយោគចំនួន៤ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ១៧លានដុល្លារអាម៉េរិក ខណៈគម្រោងវិនិយោគនេះ អាចបង្កើតការងារ បានជិត៣០០០កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២២០២២នេះថា គម្រោងដែលបានសម្រេចចុះបញ្ជីរួមមាន៖ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD ស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣២៨កន្លែង។
-ក្រុមហ៊ុន “Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។
-ក្រុមហ៊ុន “Zhejiang Jeni Furniture Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០នាក់។
និងក្រុមហ៊ុន “FF.LL (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៣០នាក់៕
អត្ថបទ៖លាង ឡា