ស្តូបអនុស្សាវរីយ៍មួយកន្លែងជាស្នាព្រហត្ថរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតកោដ្ឋ នៅស្រុកបុរីអូរស្វាយសែនជ័យនៃខេត្តស្ទឹងត្រែងត្រូវបានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំណាយព្រះរាជទ្រព្យកសាងនិងជួសជុលឡើងវិញដើម្បីទុកជាអនុស្សាវរីយ៍បន្តទៅទៀតឲ្យកូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់ និងជាទីសក្ការបូជាក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរ។
អភិបាលស្រុកបុរីអូរស្វាយសែនជ័យលោក លី មីណា បានប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា ស្តូបអនុស្សាវរីយ៍នេះបានកសាងឡើងតាំងពីឆ្នាំ១៩៦៣-១៩៦៧ ក្រោមស្នាព្រះហស្ដព្រះបរមរតនកោដ្ឋក្នុងព្រះរាជបំណង ការពារបូរណភាពទឹកដីហើយត្រូវបានសម្តេចព្រះវររាជមាតាជាតិខ្មែរបានបរិច្ចាគព្រះរាជថវិកាមួយចំនួន ដើម្បីកសាងមណ្ឌលសុខភាព សាលារៀន និងបន្ទប់អនាម័យ។ លោកបន្តថា ស្តូបអនុស្សារវីយ៍នេះមានសារ:សំខាន់ណាស់ព្រោះវាបានបង្ហាញពីលក្ខណ:ប្រវត្តិស្ត្រ និងភូមិសាស្ត្រនយោបាយសម្រាប់សិក្សាស្រាវជ្រាវ។ ជាងនេះទៅទៀតនាពេលបច្ចុប្បន្នស្តូបអនុស្សាវរីយ៍នេះបានធ្វើការទាក់ភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តជាច្រើនថែមទៀតមុននឹងទៅទស្សនាតំបន់កោះនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ ពួកគេតែងតែមកទីនេះដើម្បីស្វែងយល់ពីលក្ខណ:ប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា ថ្មីៗនេះមន្ត្រីជាន់ខ្ពស់នៃក្រសួងព្រះបរមរាជវាំងរួមមានលោក គុយ សុផល ឧត្តមប្រឹក្សាព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, លោក ឈា ហ៊ន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញចុះពិនិត្យមើលស្តូបអនុស្សាវរីយ៍នោះដើម្បីកែលំអឱ្យមានសោភ័ណភាពឡើងវិញ។ ពេលនោះមន្ត្រីជាន់ខ្ពស់នៃក្រសួងព្រះបរមរាជវាំងក៏បានអញ្ជើញពិនិត្យមើលទីតាំងសាលារៀន មណ្ឌលសុខភាព និងស្តូបស្នាព្រះហស្ដព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា "ព្រះបរមរតនកោដ្ឋ" ដែលនឹងត្រូវជួសជុលឡើងវិញ។
លោក គុយ សុផល បានបញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ដ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណង ការពារបូរណភាពទឹកដី នឹងចាប់អនុវត្តការជួសជុលកែលម្អក្នុងពេលឆាប់ៗខាងមុខដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ៕