ភ្នំពេញ៖ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរម្នាក់ នៅក្នុងករណីបង្រ្កាបគ្រឿងញៀន ស្ថិតក្នុងរាជធានីភ្នំពេញ ដោយរឹបអូសបានសារធាតុញៀន ទម្ងន់ជាង១៨គីឡូ។
របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលទើបបង្ហាញនៅល្ងាចនេះ បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦ និង៤០នាទី នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទស្សវត្តរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងបន្តទៅឆែកឆេរបន្ទប់ជួលលេខ២០៣(ហេង ឌឿន អាផាតមិន)ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងបន្តថា ជាលទ្ធផលឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ហេង សុវណ្ណបូរី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ និងចាប់យកវត្ថុតាង ប្រភេទ កេតាមីន(KETAMIN) ទម្ងន់សុទ្ធ ៤៤៧.៩៤ក្រាម ,មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ១២.៦១ក្រាម ,អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១៧ គីឡូ និង ៨៦៤.០៤ក្រាម ព្រមទាំងម៉ូតូ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
អត្ថបទ៖លា ឡា