ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០២២នេះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែគឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧ភាគរយ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១មានចំនួន១២៥,៥១៩នាក់ ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦ភាគរយនិងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧ភាគរយ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងដែរថា ក្នុងរយៈពេល៧ខែមកនេះមានជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា តាមស្ថិតិខាងលើបង្ហាញថាភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០ភាគរយនៃចំនួនភ្ញៀវអន្តរជាតិសរុបខណៈមកដល់ពេលនេះ មានការហោះហើរពី៧ទៅ៨ជើងក្នុងមួយថ្ងៃ និងមានអ្នកដំណើរជាមធ្យមពី៧០០ទៅ៨០០នាក់ក្នុងមួយថ្ងៃៗ៕