ភ្នំពេញ៖ ជនជាតិចិន ចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងករណីជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀន ទម្ងន់ជិត៩០០គីឡូ។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែសីហា នេះថា កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតករណីនេះ អស់រយៈពេលជាង៣ខែមកហើយ ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
របាយការណ៍បន្តថា លុះដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង២០នាទី ដោយកម្លាំងជំនាញបានកំណត់ច្បាស់នៅពេលវេលាមុខសញ្ញាធ្វើសកម្មភាព និងឈានដល់បើកប្រតិបត្តិការតែម្ដង។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងដែរថា កិច្ចប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើលើ៣គោលដៅ រួមមាន៖
គោលដៅទី១៖ នៅចំណុច ក្រុម១១ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ អូប័រ១គ្រឿង ទូកយន្ត១គ្រឿង និងសារធាតុញៀន(កេតាមីន)៤៤ការ៉ុង។
គោលដៅទី២៖ នៅចំណុច ក្រុម២ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់និងម៉ូតូ ២គ្រឿង។
គោលដៅទី៣៖ នៅចំណុចភូមិគគី សង្កាត់បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងរថយន្ត១គ្រឿង ព្រមទាំងដកហូតវត្ថុតាងសារធាតុញៀនប្រភេទកេតាមីន(KETAMINE)ទម្ងន់ ៨៧១ គីឡូ និង២០០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលព្រះសីហនុ កសាងសំណុំរឿងបន្តតាមនីតិវិធី ៕
អត្ថបទ៖លាង ឡា