ភ្នំពេញ៖ ក្រុមប្រតិបត្តិការចំនួន៩ក្រុមត្រូវបានស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ បានបង្កើតឡើងដើម្បីទប់ស្កាត់និងបង្រ្កាបក្រុមស៊ីវិលដែលតែងធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ។
លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រុមប្រតិបត្តិការទាំង៩ក្រុមត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននិងមានភារកិច្ចចុះល្បាតអន្តរាគមន៍ទប់ស្កាត់ និងបង្រ្កាបកម្លាំងអនាធិបតេយ្យដែលធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋដោយមិនមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីសម្រេចរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រុមប្រតិបត្តិការដែលទើបបង្កើតនេះត្រូវបានបែងចែកកម្លាំងទទួលខុសត្រូវ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាការងារទប់ស្កាត់និងបង្រ្កាបឱ្យមានប្រសិទ្ធិភាព។
សេចក្តីសម្រេចបានឱ្យដឹងដែរថា ពេលចេញប្រតិបត្តិការកម្លាំងទាំងអស់ត្រូវរៀបចំខ្លួនឱ្យសមជាសមត្ថកិច្ចអនុវត្តច្បាប់និងត្រូវបំពាក់អាវុធគ្រប់ដៃហើយត្រូវប្រើប្រាស់ឱ្យស្របតាមវិជ្ជាជីវៈ។
គួរកត់សម្គាល់ថា ការបង្កើតកម្លាំងក្រុមប្រតិបត្តិការនេះបានកើតឡើងបន្ទាប់ពីមានក្រុមស៊ីវិលតែងធ្វើសកម្មភាពដើរចាប់ពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដោយសម្អាងថា ជាជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនជាដើម៕