ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រៀមរៀបចំនិងកំណត់និយាមការកំណត់ភ្នំតាម៉ៅជាតំបន់អភិរក្ស និងការពារ ខណៈបច្ចុប្បន្ននៅក្នុងតំបន់នេះកំពុងតែធ្វើការឈូសឆាយដើម្បីដាំដើមឈើឡើងវិញ។
នៅក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងថា ភ្នំតាម៉ៅនឹងក្លាយជាតំបន់អភិរក្ស និងការពារជារៀងរហូតខណៈទីតាំងតាំងដែលបានឈូសឆាយកន្លងមកត្រូវបានដាំឡើងវិញហើយប្រែក្លាយជាចម្ការឈើប្រណិត។
ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា បានគួសបញ្ជាក់ដែរថា នាពេលថ្មីៗនេះសម្តេចបានបញ្ជាឱ្យកម្លាំងកងអង្គរក្សចំនួនជាង១០០០នាក់ និងគ្រឿងចក្រចំនួន១១៣គ្រឿងទៅកាន់ទីនោះ ដើម្បីសម្អាតដីនិងដាំកូនឈើឱ្យទាន់រដូវវស្សា។ ទន្ទឹមនេះកងអង្គរក្សកំពុងធ្វើសកម្មភាពដាំដុះធ្វើដី និងថែរក្សានៅក្នុងរដូវប្រាំងដែលក្រុមហ៊ុនជាអ្នកទទួលបន្ទុកថែទាំ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សាធារណជនឱ្យកុំចាញ់បោកក្រុមមូលបង្កាច់ដែលតែងយកសភាពការណ៍ធ្វើការចោទប្រកាន់។
សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលរាល់ការអនុញ្ញាតនានា និងបានយកតំបន់ភ្នំតាម៉ៅមកគ្រប់គ្រងវិញដោយក្នុងនោះផ្ទៃដីប្រមាណ៥៣០ហិកតា ដែលក្រុមហ៊ុនធ្វើការឈូសឆាយក៏ត្រូវបានដាំដើមឈើឡើងវិញផងដែរ៕