ភ្នំពេញ៖ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងទទួលរងទឹកភ្លៀងពីតិចទៅបង្គួរដោយសារឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ខណៈខេត្តកំពង់ធំអាចប្រឈមជំនន់ទឹកភ្លៀងជាថ្មីហើយបណ្ដាខេត្តចំនួន៧ទៀតក៏នឹងប្រឈមមុខដូចគ្នាដែរ។
យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។
ក្រសួងបន្តថា ក្នុងស្ថានភាពនេះធ្វើឱ្យតំបន់ទំនាបកណ្ដាលអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះក៏មានច្រើនដោយអន្លើរនិងលាយឡំទៅដោយផ្គរ និងរន្ទះព្រមទាំងខ្យល់កន្រ្តាក់ខណៈបរិមាណទឹកភ្លៀង នឹងអាចធ្វើឱ្យភូមិសាស្រ្តមួយចំនួននៃខេត្តកំពង់ធំប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី។
ជាមួយគ្នានេះ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ឱ្យដឹងដែរថា នៅតំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើរលាយឡំទៅដោយផ្គរនិងរន្ទះដែរ ហើយបរិមាណនៃទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់អាចបង្កឱ្យមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ ផងដែរ៕