ក្នុងគោលបំណងថែរក្សាការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានគង់វង្សតាមរយៈការបណ្ដុះបណ្ដាលផ្នែកសិល្បៈរបាំបុរាណដល់កូនខ្មែរ ដែលរស់នៅប្រទេសបារាំងស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌គឺការលើកស្ទួយ និងជំរុញឧស្សាហកម្មវប្បធម៌ជំរុញឱ្យមានការផ្ទេរចំណេះដឹងជំនាញទេពកោសល្យ ប្រពៃណីទៅយុវជនជំនាន់ក្រោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញបានសហការជាមួយសមាគមសិល្បៈខ្មែរនៅប្រទេសបារាំង រៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា “សិល្បៈខ្មែរ” ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រួសងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ។
លោកស្រី ម៉ិញ កុសនី បានមានប្រសាសន៏នៅក្នុងពិធីនោះថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការចូលរួមថែរក្សាវប្បធម៌របស់ជាតិទេតែគឺជាឱកាសរបស់ក្មួយៗ សិល្បករនៅប្រទេសបារាំងបានរៀនសូត្រពីព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំផ្នែករបាំព្រះរាជទ្រព្យព្រមទាំងបានសិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃរបស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេសឲ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិក៏ដូចជាជួយផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ជាតិឲ្យបានទូលំទូលាយទៅលើឆាកជាតិនិងអន្តរជាតិ។
ជាមួយគ្នានោះ លោកស្រី ម៉ិញ កុសនី បានស្វាគមន៍ចំពោះអង្គការសមាគម ដែលធ្វើការងារពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ខ្មែរនៅបណ្ដាប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជាដើម ប្រសិនបើមានគោលបំណងក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “សិល្បៈខ្មែរ” មានការសម្ដែងរួមគ្នារវាងសិល្បករ សិល្បការិនីពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំងនូវទម្រាំងរបាំក្បាច់បុរាណ របាំប្រពៃណី ល្ខោនខោល សៀក របាំសហសម័យ និងតន្ត្រីសម័យជាដើមហើយព្រឹត្តិការណ៏នេះ មានទស្សនិកជនចូលទស្សនាយ៉ាងច្រើនលើសចំនួនកៅអីនៃសាលសន្និសីទចតុម្មុខ៕