ភ្នំពេញ៖ យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួនពីរនាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីស្លាប់អនុប្រធានភូមិម្នាក់ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍កាលពីពេលកន្លងទៅ។
លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថា ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍បណ្តាលឱ្យមានមនុស្សស្លាប់នឹងបិទបញ្ចប់ការស៊ើបអង្កេត។
លោកបានឱ្យដឹងបន្តថា ក្រោយពីក្រុមការងារចំពោះកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធីរួចមកជំនាញមន្ត្រីនគរបាលយុត្តិធម៌បានសុំគោលការណ៍ឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន២រូបមានជាអាទិ៍៖ ១-ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ និងទី២ ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។
យោងតាមរបាយការណ៍សង្ខេបអំពីដំណើររឿងរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការប្រើប្រាស់កម្លាំងចំនួន១៣នាក់ និងមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំដោយបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១គ្រឿង CPU ចំនួន១គ្រឿង ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ខ័ន បានទទួលមរណភាព។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្តម ថា អ្នកជំងឺបានស្លាប់មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍សន្ទុក។
យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសពុំទាន់បញ្ជាក់អំពីចំណាត់ការរបស់កងរាជអាវុធហត្ថលើយោធិនពីរនាក់ ដែលបានឃាត់ខ្លួននៅឡើយទេដោយថា រង់ចាំការធ្វើសន្និសីតការសែតបង្ហាញការពិតនៃការលទ្ធផលស៊ើបអង្កេតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ស្អែកនេះ៕