ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤២នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី នៅទូទាំងប្រទេសកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤២នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន៖ ជួញដូរ១០ករណី ឃាត់ខ្លួន១៨នាក់, ដឹកជញ្ជូនរក្សាទុក២ករណី ឃាត់ខ្លួន៣នាក់, ប្រើប្រាស់៧ករណី ឃាត់ខ្លួន២១នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖មេតំហ្វេតាមីន (Ice) ទម្ងន់ ២៦៦,១៨ក្រាម និង៧កញ្ចប់តូចផងដែរ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕