ភ្នំពេញ ៖ ម្ចាស់យានយន្តចំនួន៤១២គ្រឿង ត្រូវបានសមត្ថកិច្ចពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក ក្រោយពេលរកឃើញថា បានបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃម្សិលមិញបានអនុវត្តលើគោលដៅសរុប ១៣៥គោលដៅ និងមានយានយន្តចូលគោលដៅចំនួន ២.០៣៨គ្រឿង ម៉ូតូ ១.៦៥៨គ្រឿង ដោយរកឃើញ យានយន្តល្មើសសរុបចំនួន ៤១២គ្រឿង មានម៉ូតូចំនួន ៣៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (ថ្ងៃទី០១-១៤ ខែសីហា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមានយានយន្តចូលគោលដៅចំនួន ៤០.១៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣.៨៩២គ្រឿង ម៉ូតូមានចំនួន ៣.៣៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ មានចំនួន២៦៧០លើកបើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន៣១៧៦លើក គឺថយចុះ១៦ភាគរយ ។
របាយការណ៍បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ បង្កឱ្យមានមនុស្សស្លាប់ចំនួន១៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន១ ៦៤៦នាក់ គឺថយចំនួន១៤៩នាក់ ស្មើនឹង៩ភាគរយ។ ចំណែកអ្នករងរបួសមានចំនួន៣ ៦១៥នាក់ គឺមានការថយចុះ១០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤៦៨៦នាក់ ៕