ប្រជាពលរដ្ឋម្នាក់ឈ្មោះ សាបឿន រ៉ាន់ អាយុ៤២ ឆ្នាំ រស់នៅក្នុងភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានប្រទះឃើញបដិមាបុរាណធ្វើពីសំរឹទ្ធចំនួន៥អង្គខណៈពេលជីកដីធ្វើបង្គន់ហើយត្រូវបានប្រគល់ជូនមន្រ្តីនគរបាលបេតិភណ្ឌខេត្តឧត្តរមានជ័យរក្សាទុក។
លោក សាបឿន រ៉ាន់ បានប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី៧ ខែសីហា លោកនិងកូនប្រុសបានជីកដីនៅចំហៀងផ្ទះដើម្បីធ្វើបន្ទប់ទឹកប្រើប្រាស់ពេលជីកបានជម្រៅប្រហែល២មម៉ែត្រ ស្រាប់តែប្រទះឃើញដុំថ្មជាប់គ្នាពណ៌រាងខៀវដូចព្រះអង្គប្រក់នាគ។ ក្រោយពីយកបដិមានោះទៅលាងសម្អាតទើបដឹងថា នោះជាព្រះអង្គបដិមា។ លោកថា ពេលពេលនោះលោកក៏ជីកបន្ថែមក៏ឃើញព្រះនៅជាប់គ្នារហូតដល់៥រូប។ លោកបានរក្សាបដិមាទាំង៥រូបនៅលើផ្ទះ និងអុជធូបដើម្បីសុំសេចក្ដីសុខ។ ក្រោយពីរក្សាព្រះបដិមាបានមួយយប់នគរបាលស្រុកចុងកាល់ក៏បានមកដមកដល់ផ្ទះ និងបាននាំរូបលោកនិងព្រះបដិមាទៅកាន់អធិការស្រុក។
ចំណែកប្រធានវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ លោក ហុង សឿនបាននិយាយថា លោកបានទទួលព័ត៌មាននេះហើយ ប៉ុន្តែមកដល់ពេលនេះលោកមិនទាន់បានទទួលនូវបដិមាបុរាណទាំង៥អង្គនោះនៅឡើយទេ ព្រោះបដិមាទាំង៥នោះកំពុងស្ថិតក្រោមការគ្រប់គ្រងដោយប៉ូលិសនៅឡើយ។ ទោះជាយ៉ាងណាបដិមាបុរាណចំនួន៥ ដែលរកឃើញនៅខេត្តឧត្ដរមានជ័យប្រធានវប្បធម៌មិនទាន់អាចបញ្ជាក់ថា ជាបដិមាស្ថិតក្នុងរចនាថបអ្វី និងស្ថិតនៅក្នុងសម័យណានៅឡើយទេ។
គួររំលឹកថា តាមលទ្ធផលការងាររយៈពេល៥ឆ្នាំរបស់រដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរកឃើញនិងទទួលបានវត្ថុបុរាណរួមនឹងវត្ថុសីល្បៈពីគ្រប់ប្រភពសរុបចំនួន ៣៤ ១៧៨រូប៕