ស្ថិតនៅចម្ងាយប្រហែល៣៧ គីឡូម៉ែត្រពីរង្វង់មូលនាគព័ន្ធ មានសហគមន៍ទេសចរណ៍មួយ ដែលគេហៅថា សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី ឬគេច្រើនហៅថា សហគមន៍ចំការឈូក ឬបឹងឈូកបន្ទាយស្រី ឬសហគមន៍បឹងឈូក ឬសម្រស់បឹងឈូកដែលតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ស្ថិតនៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សហគមន៍ទេសចរណ៍ បឹងឈូកបន្ទាយស្រី ស្ថិតនៅក្នុងប្រភេទ ទេសចរណ៍ធម្មជាតិ ហើយអ្វីដែលជាចំណុច ចាប់អារម្មណ៍សំខាន់ៗនៅសហគមន៍ទេសចរណ៍ បឹងឈូកបន្ទាយស្រី មានដូចជា៖ ម្ហូប, ស្ទូចត្រី, ជិះទូក, ជិះទូកកាយ៉ាក, ទស្សនាទេសភាពព្រៃភ្នំ, មើលសត្វបក្សាបក្សីឬសត្វស្លាប និងចំណុចផ្សេងៗទៀត។ ដូច្នេះអ្នកទៅលេងស្រុកបន្ទាយស្រីមិនគួរមើលរំលងឡើយ។
អ្នកធ្លាប់ដើរកម្សាន្ត ពិតជាជាធ្លាប់ អង្គុយញាំ អាហារឆ្ងាញ់ៗនៅតាមកញ្ចុះក្បែរមាត់ទឹក ឬលើទឹកតែនៅជាប់នឹងច្រាំងនៃទឹក ឬមានស្ពានដើរទៅដល់កញ្ចុះលើទឹកជាដើម តែសម្រាប់រមណីយដ្ឋានបឹងឈូកវិញ កញ្ចុះស្ធើរតែទាំងអស់គឺនៅឆ្ងាយពីច្រាំង ដូច្នេះដើម្បីទៅញាំអីនៅកញ្ចុះបាន បងប្អូនត្រូវជិះទូកទើបទៅដល់ ព្រោះគ្មានស្ពានឲ្យឆ្លងទៅដល់កញ្ចុះនោះទេ ដែលនេះជាចំនុចដ៏ទាក់ទាញមួយផងដែររបស់រមណីយដ្ឋានមួយនេះ ព្រោះការជិះទូកក៏ធ្វើឲ្យយើងមានអារម្មណ៍សប្បាយ និងភ្លេចអស់នៅទុក្ខកង្វល់នានា ជាពិសេសនៅពេលខ្យល់ត្រជាក់ៗនៃបឹងធម្មជាតិមួយនេះ បក់មកប៉ះនិងយើង ។
បន្ទាប់ពីញាំអាហារឆ្ងាញ់ៗរួច យើងអាចងូតទឹកលេង ឬអាចជួលទូក Kayak ដើម្បីអុំលេងកម្សាន្តបានផងដែរ ដែលមានតម្លៃសមរម្យ។ បើនិយាយពីសម្រស់ធម្មជាតិនៅទីនោះ មានអារម្មណ៍ថា ដូចកំពុងស្ថិតនៅមាត់ព្រែកកំពតណាស់ គឺមានភ្នំ មានព្រៃកោងកាង ទឹកសាប លាយឡំនិងផ្ទៃទឹកខៀវស្រងាត់ មើលទៅស្អាតមិនចាញ់ផ្ទាំងគំនូរឡើយ។
ក្រៅពីទេសភាពដ៏ស្រស់ស្អាត ក៏នៅមានអាហារ ដែលមានរសជាតិឆ្ងាញ់មិនចាញ់រមណីយដ្ខានផ្សេងៗនោះទេ ជាពិសេសមាន់អាំង និងកង្កែបអាំង ជាដើម៕