ភ្នំពេញ៖ បណ្ដាខេត្តចំនួន៨ អាចប្រឈមមុខនឹងជំនន់ទឹកភ្លៀង ដោយសារជ្រលងសម្ពាធទាបឥណ្ឌាខណៈបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀងនៅក្នុងបណ្តាខេត្តទាំងនោះបានទទួលនូវបរិមាណទឹកភ្លៀងបង្គួរនិងច្រើនរួចមកហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២នេះថា ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយនៅ ភាគខាងជើងប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទចិនខាងត្បូងនិងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ក្នុងកម្រិតពីតិចទៅបង្គួរនិងច្រើនដោយអន្លើ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ។
ជាមួយគ្នានេះ ក្រសួងបានលើកឡើងថា ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀងនិងបណ្តាខេត្តមួយចំនួន ដែលកន្លងមកទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និង ច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀង សារជាថ្មី មានជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង ខេត្តឧត្តរមានជ័យ ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕