ភ្នំពេញ៖ ក្រុមបុរាណវិទូអាជ្ញាធរជាតិ ព្រះវិហារ និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យា នៃប្រទេសឥណ្ឌា បានបើកការដ្ឋានកំណាយបុរាណ ដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់ និងជួសជុលឡើងវិញ។
យោងតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះថា ក្រុមបុរាណវិទូអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានសហការជាមួយក្រុមការងារមកពីស្ថាប័នស្រាវជ្រាវបុរាណវិទ្យា នៃប្រទេសឥណ្ឌារៀបចំពីធីសាសនាបើកការដ្ឋានកំណាយបុរាណវិទ្យានៅផ្នែកឦសាន នៃគោបុរៈទី៥ ប្រាសាទព្រះវិហារ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងដែរថា ការធ្វើកំណាយស្រាវជ្រាវនេះ គឺដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់គោបុរៈទី៥ និងដើម្បីប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលឡើងវិញ ហើយការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះ មានរយៈពេល ៣០ថ្ងៃ។
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្នងភ្នំដងរែក ក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សិខារិស្វរៈ ហើយត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០៕