ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥២នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណីនៅទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៥២នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ៨ករណី ឃាត់ខ្លួន ១៩នាក់ (ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ខ្លួន៤នាក់ ,ចាត់ចែង សម្រួលឃាត់ខ្លួន១នាក់ ,ប្រើប្រាស់ ៧ករណី ឃាត់ខ្លួន ២៨នាក់ (ស្រី ២នាក់)។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖មេតំហ្វេតាមីន (Ice) ទម្ងន់១៦៤,៤៥ក្រាម និងកេតាមីន (Ke) ទម្ងន់ ១,៤៨ក្រាម ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្តដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕