ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ គឺជាឆ្នាំដែលកម្ពុជា បង្ក្រាបបានអំពើជួញដូរមនុស្ស ច្រើនជាងគេបង្អស់ បើទោះបីជាទទួលរងនូវការរាតត្បាត ជំងឺកូវីដ-១៩ ក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាព នៃការជួញដូរមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជា បង្ក្រាបអំពើជួញដូរមនុស្ស បានចំនួន៣៥៩លើក ខណៈឆ្នាំ២០១៩ មានត្រឹមតែ១៥៥ករណីប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា ក្នុងប្រតិបត្តិការកាលពីឆ្នាំ២០២១ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ បាន១,៥៧៧នាក់ ខណៈក្នុងឆ្នាំ២០១៩ មានត្រឹមតែ៤៦៧នាក់ប៉ុណ្ណោះ។ ដោយឡែកតុលាការ ក៏ទទួលការកាត់ទោសបានចំនួន៥៣៨ករណីដែរ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុក កិច្ចការបង្ក្រាបបទល្មើសជួញដូរមនុស្ស នៅឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ ទទួលបាននូវការវាយតម្លៃដ៏ល្អមួយ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានផ្តល់ចំណាត់ថ្នាក់ទី៣ ស្តីពីការជួញដូរមនុស្សនៅកម្ពុជា។
ជុំវិញបញ្ហានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រតិកម្ម និងបារម្ភពីលក្ខណ នៃការវាយតម្លៃ ឬមនោសញ្ចេតនា នៃការវាយតម្លៃ ប៉ុន្តែ សម្តេច ស ខេង បានបញ្ជាក់ថា កម្ពុជា នៅតែមានឆន្ទៈបន្តធ្វើការប្រយុទ្ឋប្រឆាំងនឹងអំពីជួញដូរមនុស្ស ដោយសហការជាមួយដៃគូទាំងអស់ដោយស្មោះត្រង់ជាមួយគ្នា៕
អត្ថបទ៖លាង ឡា