ភ្នំពេញ៖ អ្នកប្រើប្រាស់ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ បង្កសម្លេងរំខាន១ក្រុម ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការទាំងយប់ ដោយឃាត់ខ្លួនបានជាច្រើននាក់ និងដកហូតម៉ូតូបានជាច្រើនគ្រឿងយកទៅរក្សាទុកដើម្បីចាត់វិធានការបន្ត។
លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ បានឱ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា មានករណីក្រុមក្មេងទំនើងតែងតែបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃបង្កសម្លេងរំខានខ្លាំង ហើយតែងតែបង្កបញ្ហាក្នុងតំបន់បឹងកក់រួចមក កម្លាំងសមត្ថកិច្ចបានចេញធ្វើការបង្ក្រាបនិងឃាត់ម៉ូតូចំនួន៨គ្រឿង នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
លោកបានឱ្យដឹងបន្តថា ម៉ូតូទាំងអស់ត្រូវបានយកទៅរក្សារទុកនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញជាបណ្តោះអាសន្ន និងធ្វើការការណែនាំអប់រំ ធ្វើកិច្ចសន្យាជាមួយម្ចាស់ម៉ូតូផងដែរ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ម៉ូតូ រួមមាន៖ ១- ម៉ូតូម៉ាក HondaMSX ពាក់ស្លាកលេខ ភ្នំពេញ 2DC:0955 ,២- ម៉ូតូម៉ាក Yamaha MX King ពាក់ស្លាកលេខ ភ្នំពេញ 1IG:6549 ,៣- ម៉ូតូម៉ាក Honda click ពាក់ស្លាកលេខ ភ្នំពេញ 1IQ:7055 ,៤- ម៉ូតូម៉ាក Honda MSX ពាក់ស្លាកលេខ ភ្នំពេញ 1IT:4421,៥- ម៉ូតូម៉ាក Honda PCX ពាក់ស្លាកលេខ ភ្នំពេញ 1FH:7637 ,៦- ម៉ូតូម៉ាក Yamaha MHX King ពាក់ផ្លាកលេខ ភ្នំពេញ 1IB:0977 ,៧- ម៉ូតូម៉ាក Honda wave ពាក់ស្លាក ភ្នំពេញ 1FH:6156 និងទី៨- ម៉ូតូម៉ាក BMW1000RR គ្មានស្លាកលេខ៕
អត្ថបទ៖លាង ឡា