កោះកុង៖ បុរសចំនួន២នាក់ បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួស ដោយសារការបាក់ដីនៅក្នុងតំបន់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។ អាជ្ញាធរស្រុកថ្មបាំង ឱ្យដឹងថា ករណីនេះ បានកើតឡើងកាលពីយប់ថ្ង្ងៃទី១០ ខែសីហា ដោយសារតែភ្លៀងធ្លាក់ជោគជាំពេក ធ្វើចរន្តទឹកហូរពីលើខ្នងភ្នំច្រោះចុះក្រោមបង្កឱ្យបាក់ដីនៅរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ បណ្តាលឱ្យស្លាប់មនុស្សចំនួន ២នាក់ និងរងរបួសចំនួន២នាក់។
របាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា អ្នកស្លាប់ទី១.ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត និងទី២.ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ចំណែកអ្នករបួសមានឈ្មោះ ទី១. ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និងទី២-ឈ្មោះ បៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។
ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់ម្ចាស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ ត្រូវមានការប្រុងប្រយ័ត្នដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ជាយថាហេតុ៕