ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកការប្រមូលផ្តុំគ្នាធ្វើបាតុកម្មរបស់ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៩០នាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា ជាបាតុកម្មខុសច្បាប់នឹងប្រកាសចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការដើម្បីនាំជនដៃដល់មកផ្តន្ទាទោស។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើ បាតុកម្មខុសច្បាប់ នៅកណ្តាលមហាវិថីសម្ដេចសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុច ផ្សារទំនើបអ៊ីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យ បៀល ប្រាយ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានហៅការតវ៉ានេះថា ធ្វើឡើងក្រោមការរៀបចំផែនការរួចជាស្រេចរបស់ក្រុមមនុស្សមួយក្ដាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្តែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីទម្លាក់កំហុសមក លើអាជ្ញាធរអនុវត្តច្បាប់ ដោយធ្វើសកម្មភាពញុះញង់ ដុតកម្ដៅ បញ្ឆេះកំហឹង និងបំផ្លាញប៉ារាស ធ្វើឱ្យ ខូចខាតជិត ២០ផ្ទាំង ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀតជាដើម។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា តាមរយៈភស្តុតាងដែលមានស្រាប់នានា អាជ្ញាធរមានសមត្ថកិច្ច នឹងចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់មកផ្តន្ទាទោសតាមច្បាប់នូវ សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា ប្រមាថមកលើមន្ត្រីរាជការ កំពុងបំពេញភារកិច្ច។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដែលនៅសេសសល់ ឱ្យបញ្ឈប់ការធ្វើ សកម្មភាពខុសច្បាប់ផ្សេងៗ ហើយងាកមកចូលរួមអនុវត្តយន្តការ ដោះស្រាយតាមច្បាប់គ្រប់ជាន់ថ្នាក់៕