ព្រះសីហនុ៖ តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងរងនូវជំនន់ទឹកភ្លៀង ខណៈលំនៅដ្ឋានរបស់អ្នកភូមិជាច្រើនខ្នងបានរងការជន់លិច ស្របពេលកម្ពុជា ទទួលរងនូវឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន។
តាមសេចក្តីរាយការណ៍របស់អាជ្ញាធរ ក្រុងព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា នេះថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យផ្ទះរបស់ពលរដ្ឋក្នុងតំបន់មួយចំនួនទទួលរងការលិច ក្នុង រយៈពេលខ្លី ខណៈអាជ្ញាធរកំពុងយកចិត្តទុកដាក់ក្នុងការស្ដារអូរប្រឡាយ និងគ្រប់គ្រងស្ថានការណ៍នេះ។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីទទួលព័ត៌មានសេចក្តីជូនដំណឹងអំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កន្លងមក។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា កម្ពុជា នឹងបន្តរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ឋសម្ពាធទាប ( ITCZ ) ដែលកាត់លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ចាប់ពីចន្លោះថ្ងៃទី១០-១៣ ខែសីហា រួមជាមួយឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន ដែលមានដំណើរឆ្ពោះទៅភាគខាងជើង ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ដែលនឹងបង្កឱ្យមានធ្លាក់ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀង។
ក្រសួងបានបញ្ជាក់ដែរថា នៅចន្លោះពីថ្ងៃទី១០-១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនដែលជាហេតុធ្វើឱ្យខេត្តមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕