ភ្នំពេញ៖ គ្រាប់យុទ្ធភណ្ឌទម្ងន់ជាង១៧តោន ជាសំណល់សង្រ្គាមពីអតីតកាល ត្រូវបានអ្នកជំនាញស្រង់ចេញពីក្នុងទឹក ខណៈរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យពន្លឿនកិច្ចការបោសសម្អាតឱ្យបានឆាប់។
ក្នុងរបាយការណ៍របស់នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានឱ្យដឹងក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ថា គិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកបានជាង១០០០គ្រាប់ និងមានទម្ងន់ជាង១៧តោន។
នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា ក្រមការងារទាំងអស់បានពុះពាររាល់ការលំបាកនិងហ៊ានពលីកម្ម ដើម្បីបំពេញបេសកកម្មតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ទោះបីមិនទាន់មានកញ្ចប់ថវិកា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការក៏ដោយ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការងារដែលបានធ្វើពលីកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្រោមបាតទន្លេ ទោះមានឧបសគ្គខ្លះក៏ដោយ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ក្រុមការងារប្រតិបតតិការបោសសម្អាតគ្រាប់ក្រោមទឹក បំពេញបេសកកម្មឱ្យទទួលបានជោគជ័យ៕