កំពង់ធំ៖ មន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ចំនួនជាង ១០នាក់ ត្រូវបានស្ថិតក្នុងការស៊ើបអង្កេតតាមបញ្ជារបស់នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជុំវិញការស្លាប់ពលរដ្ឋម្នាក់ ក្នុងករណីបង្រ្កាបការលេងល្បែងតាមអនឡាញ។
នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា មន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ចំនួនជាង ១០នាក់ ត្រូវបានឃាត់ខ្លួន និងព្យួរការងារសិន ដើម្បីបើកការស៊ើបអង្កេតជុំវិញការស្លាប់មនុស្សពេលទៅធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស។ ចំណែកលោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បាន ប្រកាន់ជំហរថា លោកមិនកាន់ជើងអ្នកខុសនឹងអ្នកខូចឡើយ ហើយនៅពេលដែលអធិការកិច្ចលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ឃើញថា កម្លាំងរបស់លោកធ្វើឱ្យពលរដ្ឋស្លាប់ពិតមែនលោកនឹងអនុវត្តតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលមានពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ ៤៧ឆ្នាំ ជាអនុភូមិក្រវ៉ា បានស្លាប់ ដោយសារការចាប់ខ្លួនរបស់សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ធំ ក្នុងករណីបង្រ្កាបការលេងល្បែងជល់មាន់តាមអនឡាញ ក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ។
សាច់ញាតិសព បានអះអាងថា ជនរងគ្រោះជាមនុស្សស្លូតបូត និងមិនបានលេងល្បែងនោះទេ ហើយបានអំពាវនាវដល់ថ្នាក់ដឹកនាំ ឱ្យជួយរកយុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ៕