ភ្នំពេញ៖ សម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ ក្រោយពេលវត្ថុទាំងអស់ជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់ដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរ ទាំង៣០រូប មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ “ព្រះស្កន្ទគង់លើក្ងោក” និង “ព្រះគណេស ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ នៃគ.ស.។ ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូប មកកម្ពុជា ក្នុងពេលវេលាខាងមុខនេះ។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការវិលត្រឡប់មកវិញនូវរតនសម្បត្តិទាំងនេះ ជាព្រលឹង បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ។
លោកស្រីរដ្ឋមន្ត្រី បានអំពាវនាវដល់សារមនី្ទរ នានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការផ្តល់ឯកសារភស្តុតាង និងប្រគល់សម្បត្តិវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ ត្រឡប់មកប្រទេសកំណើតវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Williams អគ្គរដ្ឋអជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចូលរួមនៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរ ទាំង៣០រូប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕