ភ្នំពេញ៖ កម្ពុជា នឹងបន្តរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ឋសម្ពាធទាប ( ITCZ ) ដែលកាត់លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ចាប់ពីចន្លោះថ្ងៃទី១០-១៣ ខែសីហា រួមជាមួយឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន ដែលមានដំណើរឆ្ពោះទៅភាគខាងជើង ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ដែលនឹងបង្កឱ្យមានធ្លាក់ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាប កណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចមានភ្លៀងបង្គួរដោយអន្លើរ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ។
ក្រសួងបានបញ្ជាក់ថា នៅចន្លោះពីថ្ងៃទី១០-១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនដែលជាហេតុធ្វើឱ្យខេត្តមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕