ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អាសិប នឹងជំរុញនូវការស្ដារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយ ជំងឺរាតត្បាត ព្រមទាំងបង្កើតការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និង សកលលោក។
មានប្រសាសន៍ក្នុងការអបអរខួបទី៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការអនុវត្តនូវព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) នៅតែជាអាទិ ភាពដ៏សំខាន់មួយ ។
សម្តេចតេជោ បានបន្តថា អាសិប នឹងជំរុញនូវការស្ដារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយ ជំងឺរាតត្បាត ព្រមទាំងបង្កើតការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និង សកលលោកទាំងមូល។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស ដែលជាសមាជិកអាសិប ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រីកបន្ថែមទៀតនូវការសម្របសម្រួល លំហូរពាណិជ្ជកម្មឆ្លងដែន។
ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដែរថា កម្ពុជាមានគោលបំណង ក្នុងការជំរុញបន្ថែមទៀតនូវដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់នូវតម្រូវការចាំបាច់ក្នុងការសម្រេចឱ្យបាននូវគោលដៅ និង គំនិតផ្តួចផ្តើមគន្លឹះនានា ស្ថិតក្រោមផែនការលម្អិត នៃការកសាងសហគមន៍អាស៊ាន ឆ្នាំ២០២៥ រួមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២២៥ (MPAC-2025) គំនិតផ្តួចផ្តើមសម្រាប់ ការធ្វើសមាហរណកម្មអាស៊ាន ដំណាក់កាលទី៤ (IAI Work Plan IV) ជាដើម។ សារៈសំខាន់ នៃការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ នៅតែជារបៀបវារៈមួយដ៏មានសំខាន់ នៅក្នុងដំណើរការកសាង សហគមន៍អាស៊ានតាមរយៈធ្វើការរួមគ្នាដើម្បីសម្រេចបាននូវទស្សនៈវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីចាប់យកនូវកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងតែមានភាពស្មុគស្មាញឡើង៕
អត្ថបទ៖លាង ឡា