ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាឱ្យលុបចោលរាល់ការអនុញ្ញាតិទាំងអស់ និងរក្សាទុកដីនិងព្រៃ នៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្ស ហើយត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
សម្តេចតេជោ បានសរសេរនៅផេកផ្លូវការណ៍ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះថា ប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្ម បានពន្យល់ថា សួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៍ដោយ។
សម្តេចតេជោ មានប្រសាសន៍បន្តថា ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ
រាជរដ្ឋាភិបាល សម្តេចចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតិ ឱ្យធ្វើការដោះដូរនិងអភិវឌ្ឍន៍,២.រក្សាទុកដី និងព្រៃ នៅជុំវិញសួនសត្វ ភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម និង៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
ជាមួយគ្នានេះដែរ លោក ឡេង ណាវ៉ាត្រា ដដែលទទួលសិទ្ឋិពីរដ្ឋាភិបាល អភិវឌ្ឍន៍ផ្ទៃដីមួយចំនួននៅតំបន់ភ្នំតាម៉ៅ បានគាំទ្រឱ្យរាជរដ្ឋាភិបាល លុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ និងសុំឱ្យអ្នកដែលស្រលាញ់កូនឈើមកដាំ កូនឈើជាមួយរូបលោកផងដែរ៕