ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូង ពាក់ព័ន្ធករណីគ្រឿងញៀន ទម្ងន់ជាង២៦គីឡូក្រាម ដែលទើបបង្រ្កាបបាននៅក្នុងខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបមានភស្តុតាងកំណត់មុខសញ្ញាបានជាក់លាក់ ឈានដល់ការបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង២០:៤៥នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុច ផ្ទះលេខ A6-1577 ផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។
ជនសង្ស័យទាំង២នាក់ មានឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២៣ឆ្នាំ និង ឈ្មោះ ហ៊ាត រ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ។ ចំណែកវត្ថុតាងពាក់ព័ន្ធ ដែលអាវុធហត្ថ បង្ក្រាបបានក្នុងប្រតិបត្តិការនេះ រួមមាន៖ គ្រឿងញៀនចម្រុះសរុប ២៦គីឡូក្រាម ២ខាំ, សារធាតុផ្សំជាវត្ថុរាវ ចំនួន១៥ដប, ជញ្ជីងថ្លឹងចំនួន០៥, ម៉ាស៊ីនសម្រាប់លាយថ្នាំញៀន ចំនួន០២, ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិចចំនួន០៥ ព្រមទាំង ឧបករណ៍វេចខ្ចប់មួយចំនួនទៀត។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា យកទៅបន្ត ការស្រាវជ្រាវ ទៅកាន់គោលដៅមួយកន្លែងទៀត ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយឆែកឃើញសារធាតុផ្សំ កាកសំណល់គ្រឿងញៀន ឧបករណ៍សម្រាប់លាយ និងកែច្នៃគ្រឿងញៀនមួយចំនួនទៀតផងដែរ។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕